Thursday, April 20, 2017

តើតំបន់ដីសើមជាអ្វី?


តើតំបន់ដីសើមជាអ្វី? What is Wetlands?



ពាក្យ «តំបន់ដីសើម» មានន័យផ្សេងៗពីគ្នាចំពោះមនុស្សផ្សេងគ្នា។ នេះមួយផ្នែកដោយសារភាពខុសប្លែកគ្នាដ៏ច្រើនសម្បើមនៃប្រភេទតំបន់ដីសើម និងម្យ៉ាងទៀតដោយសារនៅពេលខ្លះ គេពិបាកកំណត់ព្រំដែនរបស់តំបន់នេះឱ្យបានជាក់លាក់ណាស់។ នៅក្នុងភាសាអង់គ្លេស ពាក្យ Wetland (តំបន់ដីសើម) ក៏ជាពាក្យថ្មីដែរ។ នៅជុំវិញពិភពលោក មាននិយមន័យនៃពាក្យ «តំបន់ដីសើម» ចំនួនជាង ៥០ ដែលគេប្រើប្រាស់។

លក្ខណៈសំខាន់ៗមួយចំនួននៃតំបន់ដីសើមគឺ ៖ ការលិចទឹក ឬនីវ៉ូផ្ទៃទឹកក្នុងដីខ្ពស់ នាំមកនូវល័ក្ខខ័ណ្ឌដែលតម្រូវឱ្យជីវិតសត្វ និងរុក្ខជាតិបន្សុំាតាមច្រើន ព្រមទាំងមានឥទ្ធិពលដល់ការវិវត្ត និងដល់លក្ខណៈរបស់ដី។ ចំណែកថ្នាក់តំបន់ដីសើម ត្រូវបានគេរៀបចំឡើង ដោយឈរលើលក្ខណៈជីវសាស្រ្ត លក្ខណៈធារាសាស្រ្ត លក្ខណៈដី ឬសណ្ឋានដី។

និយមន័យតំបន់ដីសើមមួយដែលទូលំទូលាយជាងគេ ហើយត្រូវបានគេប្រើជាងគេ ត្រូវបានអនុម័តក្នុងអំឡុងសន្និសិតទៅទីក្រុងរុំាសា (Ramsar) ប្រទេសអ៊ីរ៉ង់ក្នុងឆ្នាំ ១៩៧១ ដែលនៅទីនោះគេបានរៀបចំចេញជា អនុសញ្ញាស្តីពីតំបន់ដីសើម មានសារៈសំខាន់ជាអន្តរជាតិ ជាពិសេសសម្រាប់ជាជម្រកបក្សីទឹក ហើយដែលគេហៅកាត់ដោយខ្លីថា អនុសញ្ញារុំាសា។

អនុលោមតាមអនុសញ្ញារុំាសា តំបន់ដីសើមត្រូវបានពណ៍នាថា៖ ជាតំបន់ទំនាបបឹង កន្លែងធ្យូងតូបបាស និងធ្យូងតូប ឬទឹក ទោះជាធម្មជាតិ ឬសិប្បនិម្មិត មាននៅជាអចិន្រ្តៃយ៍ ឬបណ្តោះអាសន្ន មានទឹកនឹង ឬហូរ ទឹកសាប ទឹកភ្លាវ ឬទឹកប្រៃ ដោយរួមទាំងតំបន់ទឹកសមុទ្រដែលមានជម្រៅនៅពេលលំនាច មិនលើសពី ៦ ម៉ែត្រ។

និយមន័យដ៏ទូលំទូលាយនេះ ផ្តល់នូវក្រមខ័ណ្ឌ ដែលអាចឱ្យគេយកទៅប្រើសមស្របតាមល័ក្ខ័ណ្ឌក្នុង ស្រុក និងក្នុងតំបន់ផង។ ជាឧទាហរណ៍ គណៈកម្មការទន្លេមេគង្គ (ដែលពីមុនជាលេខាធិការដ្ឋានទន្លេមេគង្គ) បានធ្វើសារពើព័ណ្ឌតំបន់ដីសើម នៅអាងទន្លេមេគង្គផ្នែកខាងក្រោម ចាប់ពីឆ្នាំ ១៩៩០ មក (នៅពេលនោះប្រទេសកម្ពុជាមិនទាន់ចូលជាសមាជិកគណៈកម្មការទន្លេមេគង្គនៅឡើយទេ។ ដើម្បីបម្រើរឱ្យគោលបំណងនៃការធ្វើសារពើព័ណ្ឌនេះ គេបានរៀបចំចំណែកថ្នាក់តំបន់ដីសើម ដោយផ្អែកលើចំណែកថ្នាក់រុំាសា ប៉ុន្តែបានសម្រួលឱ្យសមស្របទៅតាមស្ថានភាពជាក់ស្តែងនានាក្នុងតំបន់។ តំបន់ដីសើមត្រូវចែកចេញជាពីរផ្នែកធំៗ គឺទឹកប្រៃ និងទឹកសាប ហើយផ្នែកទាំងនោះត្រូវបានបែងចែកបន្តទៀត៕

No comments:

Post a Comment